Month: October 2019

សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃ​ដើម្បី​ចាប់ខ្លួន​លោក ម៉ន ផល្លា

មន្ត្រី​ជាន់ខ្ពស់​នគរបាល​អះអាង​ថា សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ដើម្បី​តាម​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ក្រោយ​តុលាការ​ចោទប្រកាន់​សកម្មជន​រូប​នោះ​ថា ជា​មេខ្លោង​នៅ​ពីក្រោយ​ការឃោសនា ញុះញង់​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​ដើរ​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យ​ងើប​បះបោរ​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​។ ស្រប​ពេល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថៃ​នេះ សមត្ថកិច្ច​របប លោក ហ៊ុន សែន ក៏បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​បន្ថែម​ទៀត។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ឱ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​១២ ខែ​តុលា ថា សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ដើម្បី​ចាប់ខ្លួន​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ ដែល​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ទៀត​ថា ក្រៅពី​ស្វែងរក​ចាប់ខ្លួន​លោក ម៉ន ផល្លា សមត្ថកិច្ច​ក៏​នឹង​អាច​ចាប់ខ្លួន​អ្នក​ផ្សេង​ទៀត​ដែល​មាន​ប្រព្រឹត្ត​បទល្មើស​ដូច​លោក ម៉ន ផល្លា ដែរ៖ «បើសិនជា​អ្នកដទៃ​ទៀត​ធ្វើ​សកម្មភាព​ធ្វើ​សកម្មភាព​ដូច ម៉ន ផល្លា នឹង​ធ្វើ​ដូចគ្នា​(​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃ​ដើម្បី​ចាប់ខ្លួន)»។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក ម៉ន ផល្លា ពី​បទ «​រួមគំនិត​ក្បត់​» ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​គំនិត​របស់​លោក សម រង្ស៉ី។ សេចក្ដី​ប្រកា​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឱ្យ​ដឹង​ថា ការចោទប្រកាន់​លោក ម៉ន ផល្លា ដោយសារតែ​ចម្លើយ​សារភាព​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប ដែល​និយាយ​ថា លោក ម៉ន ផល្លា
Read More »